បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 17, 2009
Nokia ជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយ ព្រមទាំងមានកិត្តិស័ព្ទល្បីល្បាញទូទាំងពិភពលោកទៀតផង។ ហេតុដូច្នេះហើយ បានជាក្រុមហ៊ុននេះខិតខំស្រាវជ្រាវ រិះរកបច្ចេកវិទ្យាទូរស័ព្ទថ្មីៗទៀត ដើម្បីទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន។
ថ្មីៗនេះ ក្រុមហ៊ុន Nokia បានចាប់ផ្ដើមសាកល្បងតិចណូឡូជីថ្មីមួយ គឺការផលិតទូរស័ព្ទថ្មីមួយដែលអាចបញ្ចូលថ្មដោយមិនចាំបាច់ប្រើខ្សែ តាមរយៈប្រព័ន្ធពិសេសមួយ គឺវាស្រូបយកថាមពលម៉ាញ៉េទិចតាមរលកអាកាស ដែលបញ្ចេញពីវិទ្យុ ទូរទស្សន៍ និងទូរស័ព្ទជាដើម ហើយបំលែងវាយកមកប្រើដើម្បីបង្កើនថាមពលអគ្គិសនីក្នុងថ្មទូរស័ព្ទ។ តាមរបៀបនេះ អាចជួយឲ្យទូរស័ព្ទប្រើបានយូរជាងមុន ហើយវាបញ្ចូលថ្មដោយស្វ័យប្រវត្តិទៀតផង។ ការសាកល្បងដំបូង ទូរស័ព្ទទទួលបានថាមពលពីរលកធាតុអាកាស ៥ មីលីវ៉ាត់ ហើយគេកំពុងតែព្យាយាមធ្វើឲ្យបានដល់ ២០ មីលីវ៉ាត់(ក្នុងរយៈពេលដូចគ្នា)។
ប៉ុន្តែថាមពលនេះមិនអាចជួយបានច្រើនទេ ប្រសិនបើអ្នកកំពុងនិយាយតាមទូរស័ព្ទ រឺនៅក្រោមដីបិទជិតដែលរលកសំលេងមិនអាចជ្រាបចូលទៅដល់បាន។ ក្រុមហ៊ុន Nokia មានគំរោងនឹងចេញផ្សាយផលិតផលនេះក្នុងកំឡុងពេល ៣ ទៅ ៥ ឆ្នាំក្រោយ។
ព័ត៌មានបន្ថែម៖ Yahoo!
វិចារថ្មីៗ