បណ្ណសារ ប្រចាំខែ ៖ ខែសីហា 2011

ល្បែង ស្រី ស្រា…

[…]

ចារុដា៖

ជា​និច្ចកាល ឮ​តែ​ល្បែង ស្រី​និង​ស្រា មេត្រី កាលណា​ទើប​ឯង​ផ្លាស់?

មេត្រី៖

ជម្ងឺ​ឆ្កួត​របស់​ខ្ញុំ ស្លូត​បូត​ជា​ទី​បំផុត មិន​ដូច​គេ​ស្មាន​នោះ​ទេ។ ល្បែង​បង្រៀន​យើង​នូវ​ភាព​ហី​មិន​អើ​ពើ ឲ្យ​ចេះ​លាត​បើក​ដៃ ហើយ​មើល​យ៉ាង​សប្បាយ​រីករាយ ភ្នំ​មាស​មួយ​គំនរ​វា​រលាយ​បាត់​ទៅៗ ជា​ចំហាយ​ហាក់​ដូច​ជា​ដំណក់​សន្សើម​ត្រូវ​កំដៅ​ថ្ងៃ។ កាន់​ផ្ទាល់​នូវ​កូន​ឡុក​ឡាក់ ធ្វើ​ឲ្យ​លូត​លាស់​ការ​សញ្ជប់​សញ្ជឹង​ពិចារណា។ ការ​ប្រុង​ប្រយ័ត្ន​លើ​ស្នៀត​ខូច​របស់​អ្នក​លួច​បន្លំ សម្រួច​ភ្នែក និង​ការ​ចេះ​ដឹង​របស់​មនុស្ស។ ការ​ប្រថុយ ធ្វើ​ឲ្យ​កម្រើក​រំជួល​សេចក្ដី​ក្លាហាន។ ការ​ចំណេញ បញ្ឆេះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង រី​ឯ​ការ​ចាញ់​ខាត​បង់ បង្រៀន​នូវ​ការ​មិន​រវីរវល់​អើ​ពើ​យ៉ាង​រីក​រាយ​ជា​ទី​បំផុត។ ចុះ​រី​ឯ​ស្រីៗ? ស្រឡាញ់​ស្រីៗ ជា​សកម្មភាព​គ្មាន​ស្វែង​ចង់​បាន​ប្រយោជន៍ ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ​ស្អាត​នូវ​មនោសញ្ចេតនា​មិន​រក​ផល​កម្រៃ។ ស្រីៗ​ស្រឡាញ់​យើង​ផ្ដល់​មក​ឲ្យ​យើង​នូវ​គំនិត​សប្បាយ​មួយ​ប្រភេទ​លើ​ខ្លួន​យើង។ ស្រីៗ​ខ្ពើម​យើង ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ថា​យើង​គ្មាន​តម្លៃ​ធំ​ដុំ។ គុណ​ភាព​ពិសេស​បន្តិច​បន្តួច​ដែល​ខ្ញុំ​មាន​សេស​សល់​ពី​នោះ​ទាក់​ទង​ទៅ​នឹង​អបាយ​មុខ​របស់​ខ្ញុំ​ទាំង​អស់ លោក​ម្ចាស់!

ចារុដា៖

ចុះ​ជា​មួយ​ស្រា ឯង​យ៉ាង​ដូច​ម្ដេច​ដែរ?

មេត្រី៖

ច្រើន​លើស​ជាង​នេះ ថែម​ទៀត។ ជំនឿ​លើ​អ្នក​ដទៃ ហើយ​និង​ជំនឿ​លើ​ខ្ញុំ​ខ្លួន​ឯង ការ​ភ្លេច​នូវ​ទុក្ខ​សោក​របស់​ខ្ញុំ ការ​សម្រាក​នៃ​ចំណង់​របស់​ខ្ញុំ។ ស្រា​មើល​ខ្លួន​មនុស្ស​ច្រណែន​ប្រចណ្ឌ​ឲ្យ​ជា បំភ្លឺ​អ្នក​មាន​ទុក្ខ​សោក មិន​តែ​ប៉ុណ្ណោះ ស្រា​ផ្ដល់​លំអ​ដល់​មនុស្ស​រូប​អាក្រក់ ហើយ​និង​យុវវ័យ​ដល់​ព្រឹទ្ធាចារ្យ។ ស្រា​ផ្ដល់​មនុស្ស​ឯកោ នូវ​មិត្ត​ដែល​មាន​ចិត្ត​ស្រឡាញ់​ពោរពេញ​ច្រើន​ថែម​ទៀត។ ស្រា​ផ្ដល់​គំនិត​ដល់​មនុស្ស​អស់​សង្ឃឹម ផ្ដល់​សេចក្ដី​សប្បាយ​ដល់​អ្នក​ព្រួយ ផ្ដល់​សន្តិភាព​ដល់​អ្នក​មាន​ចិត្ត​ព្រួយ​បារម្ភ។ បើ​សិន​ជា​គ្មាន​លោក​ម្ចាស់​ទេ ដោយ​ឥត​រារែក ខ្ញុំ​និយាយ​ថា​ស្រា​ជា​មិត្ត​យ៉ាង​ប្រាកដ​ប្រជា​របស់​ខ្ញុំ​ហើយ។

ចារុដា៖

ស្ដាប់​ឯង​និយាយ​ទៅ​ ឮ​ដូច​ជា​មាន​ត្រូវ នៅ​ក្នុង​ការ​និយាយ​ខុស​របស់​ឯង​ដែរ។ កាល​ណា​ឯង​ស្រវឹង ឯង​យក​អ្នក​ដែល​ឯង​ជួប​ទាំង​ប៉ុន្មាន​ជា​មិត្ត។ មិត្ត​ឯង​ទាំង​អស់​នោះ ប្រហែល​ជា​មាន​តម្លៃ​គ្រាន់​បើ​ជាង​មិត្ត​កាល​អញ​នៅ​មាន​ទ្រព្យ ពី​ព្រោះ​ថា សេចក្ដី​ក្រ​ខ្សត់​បាន​មក​ដណ្ដើម​យក​ពី​អញ​អស់​ទៅ​វិញ។ អញ​មិន​និយាយ​ឲ្យ​ឯង​ទេ មេត្រី ពី​ព្រោះ​ឯង​នៅ​ភក្ដី​នឹង​អញ តាំង​ពី​អញ​វិនាស​ហិន​ហោច​ទ្រព្យ​សម្បត្តិ​អស់​ទៅ។

[…]

(ដក​ស្រង់​ចេញ​ពីរឿង ​រទេះ​ដី​ឥដ្ឋ ដោយ ក្សត្រ​ក្លឹង្គ បក​ប្រែ​សម្រួល​ពី​ភាសា​បារាំង​ដោយ នួន​ កន)

ខៀវ រឺ​បៃតង?

ក្នុង​ចំណោម​ពាក្យ​ខ្មែរ​ ដែល​មាន​ភាព​ចម្រូង​ចម្រាស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​ខ្លះ​នៅ​តែ​ច្រឡំ​គ្នា​រវាង​ការ​ញែក​ពណ៌​ខៀវ និង​ពណ៌​បៃតង​ដដែល។ តើ​ហេតុ​អ្វី​ទៅ? ឧទាហរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ឆ្លង​ទៅ​បាន ម៉េច​ក៏​នាំ​គ្នា​ថា​ភ្លើង​ពណ៌​ខៀវ​ដូច្នេះ? ហើយ​នៅ​ក្នុង​វចនា​នុក្រម អង់គ្លេស-ខ្មែរ មួយ​ចំនួន​ក៏​បក​ពាក្យ Green ថា​ជា​ពណ៌​ខៀវ​ដែរ។

តាម​វចនា​នុក្រម​ខ្មែរ រៀប​រៀង​ដោយ​សម្ដេច​សង្ឃរាជ​ជួន ណាត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ន័យ​នៃ​ពណ៌​ទាំង​ពីរ​នេះ៖

  • ខៀវ ៖ ពណ៌​ផ្ទៃ​មេឃ​ជា​ប្រក្រតី
  • បៃតង ៖ (ស.)(បៃត្ចង អ. ថ. បៃតង ន. “ស្លឹក​ចេក”) ពណ៌​ស្លឹក​​ចេក​ស្រស់ ៖ ពណ៌​បៃតង, សំពត់​បៃតង

ដូច្នេះ យើង​គួរ​តែ​ដឹង​ថា៖

ខៀវ

បៃតង


មនុស្ស​ឆ្កួត​រចនា​រូប​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧

ក្នុង​កាសែត​កោះ​សន្តិភាព​ចុះ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ ទី៤ ខែ​សីហា មាន​ព័ត៌មាន​ចម្លែក​មួយ​ ដែលបាន​លើក​ឡើង​ពី​បុរស​ម្នាក់​ដែល​ហ៊ាន​ទៅ​គូរ​ទឹក​ថ្នាំ​ក្រវេម​ក្រវាម​លើ​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ដែល​តាំង​នៅ​ក្នុង​សួន​ច្បារ​លោកស​ ខេង ក្នុង​ខេត្ត​បាត់​ដំបង។ គួរ​ឲ្យ​ខឹង​ណាស់​មែន​ទេ? ចាំ​មើល​ទៀត​សិន! ក្រោយ​អំពី​ការ​ដេញ​ចាប់​បាន និង​ការ​សួរ​ចម្លើយ នគរ​បាល​ក៏​សន្និដ្ឋាន​ថា​ជន​នោះ​ជា​មនុស្ស​ឆ្កួត។ ក្នុង​ការ​សួរ​ចម្លើយ​ផង​ដែរ បុរស​ម្នាក់​នោះ​ក៏​បាន​រៀប​រាប់​ពី​ដើម​ហេតុ​ដើម​ចម​​ ដែល​ខ្លួន​ធ្វើ​ដូច្នេះ។ ហេតុ​ផល​គាត់​ ពេល​ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្ញើច​មែន​ទែន។

គាត់​ថា នៅ​ថ្ងៃ​ ៣១ កក្កដា ពេល​ទៅ​ហាត់​ប្រាណ​ជា​មួយ​គេ​ឯង​រាល់​ដង​នៅ​សួន​ច្បារ​លោក ស ខេង គាត់​ក៏​ប្រទះ​ឃើញ​ព្រះ​នេត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ បិទ ដូច្នោះ​ហើយ​គាត់​ក៏​យក​ទឹក​ថ្នាំ​ទៅ​គូរ​បន្ថែម​ភ្នែក​ ដើម្បី​ឲ្យ​ទ្រង់​មើល​ឃើញ​ មនុស្ស​លោក ដែល​លោភ​លន់​មិន​ចេះ​ស្កប់​មិន​ចេះ​ស្កល់។ រួច​ហើយ​គាត់​គូរ​ថែម​ទឹក​ភ្នែក​ទៀត មាន​ស មាន​ខ្មៅ។ ទឹក​ភ្នែក​ពណ៌​ខ្មៅ តំណាង​ឲ្យ​ទឹក​ភ្នែក​ដែល​យំ​ពេល​ឃើញ​មនុស្ស​ចេះ​តែ​ប្រព្រឹត្ត​ខុស ចំនែក​ឯ​ទឹក​ភ្នែក​ពណ៌​ស​តំណាង​ឲ្យ​ទឹក​ភ្នែក​ដែល​យំ​ដោយ​ក្ដី​រំភើប។ លើស​ពី​នេះ​គាត់​​ថែម​ទាំង​គូរ​ឆ្អឹង​ជំនីរ​ថែម​ពី​លើ​ទៀត។ ដល់​ពេល​គេ​សួរ​គាត់​ទៅ គាត់​ក៏​ថា ដែល​មាន​មនុស្ស​ណា​អត់​មាន​ឆ្អឹង​ជំនីរ​នោះ ^_^” ក្រោយ​ពី​គេ​សួរ​ចម្លើយ និង​សន្មត​ថា​គាត់​មាន​ជម្ងឺ​វិកល​ចរិត​ហើយ បុរស​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល…

ស្ដាប់​មើល​ទៅ តើ​គាត់​សម​ជា​មនុស្ស​ឆ្កួត​ដែរ​ទេ? បើ​គាត់​ជា​មនុស្ស​ឆ្កួត​មែន ប្រហែល​ជា​មនុស្ស​ឆ្កួត ដែល​ខ្ញុំសរសើរ​ជា​លើក​ទី​មួយហើយ :mrgreen:

ប្រភព​ព័ត៌មាន៖ កោះ​សន្តិភាព

តាមដាន

Get every new post delivered to your Inbox.

Join 42 other followers