បណ្ណសារចំណាត់ក្រុម៖ Health
ក្អកយ៉ាងណាឲ្យត្រឹមត្រូវ?
យើងទាំងអស់គ្នាសុទ្ធតែចង់ឲ្យខ្លួនមានអនាម័យដើម្បីសុខភាពខ្លួនឯង ហើយនេះក៏ជាសុជីវធម៌មួយនៅក្នុងសង្គមដែរ។ ដូច្នេះហើយនៅពេលក្អកកណ្ដាស យើងរាល់គ្នាតែងយកដៃខ្ទប់មាត់។ តើការរក្សាអនាម័យបែបនេះត្រឹមត្រូវដែររឺទេ?
នៅក្នុងប្រទេសទាំងអស់មិនថាមានរឺក្រ គេតែងសង្កេតឃើញថា មនុស្សមួយភាគធំប្រើប្រាស់វិធីមិនត្រឹមត្រូវក្នុងការជៀសវាងមេរោគឆ្លង។ ៣នាក់ក្នុងចំនោមមនុស្ស៤នាក់ព្យាយាមយកដៃខ្ទប់មាត់ពេលគេក្អក រឺកណ្ដាសព្រោះគេគិតថានេះជាវិធីក្នុងការការពារមិនឲ្យមេរោគដែលចេញពីមាត់ពួកគេហើរចូលទៅក្នុងខ្យល់។ តាមពិតនេះជាការយល់ច្រឡំមួយទាំងស្រុង។ ទោះជាយើងបានការពារមិនឲ្យមេរោគហើរចូលទៅក្នុងខ្យល់ក្ដី ក៏ប៉ុន្តែមេរោគវានឹងនៅជាប់នឹងដៃយើងដដែល។ ដូចដែលយើងដឹងស្រាប់ហើយ ដៃជាវត្ថុរាវ
យើងប្រើដៃបើកទ្វារ ប៉ះតុកៅអី និងរបស់របរផ្សេងៗទៀត ដូច្នេះមេរោគក៏ចម្លងទៅលើវត្ថុទាំងនោះដែរ។ ពេលអ្នកដទៃមកប៉ះចំវត្ថុទាំងអស់នោះ គេក៏គង់នឹងឆ្លងមេរោគដូចតែគ្នានោះឯង។
វិធីមួយដើម្បីទប់ស្កាត់ការចម្លងតាមរបៀបនេះ គឺយើងត្រូវលាងដៃសម្អាតសាប៊ូភ្លាម ក្រោយពេលក្អក រឺកណ្ដាសដោយយកដៃខ្ទប់មាត់ហើយ។ ប៉ុន្តែជឿថាគ្មាននរណាគេឩស្សាហ៍ធ្វើដូចនេះឡើយ។ ចំនែកវិធីមួយទៀតគឺប្រើកន្សែង រឺក្រដាសជូតមាត់មកខ្ទប់មាត់ជំនួសឲ្យ
ដៃវិញ។ ប៉ុន្តែក្នុងចំនោម៣០នាក់ មានតែ១នាក់ប៉ុណ្ណោះ ដែលត្រៀមកន្សែង រឺក្រដាសជូតមាត់ដាក់ជាប់នឹងខ្លួន។
ដូច្នេះហើយ មានវិធីម្យ៉ាងដែលងាយស្រួល និងមិនចំណាយពេលយូរ គឺយើងប្រើកែងដៃមកខ្ទប់មាត់វិញ នៅពេលដែលយើងក្អក រឺកណ្ដាស។ ទោះជាមេរោគនៅជាប់នឹងកែងដៃ ប៉ុន្តែវាកម្រនឹងឆ្លងទៅគេណាស់ (លុះត្រាតែយកយើងកែងដៃទៅកៀរគេ) ហើយយើងក៏អាចសម្អាតពេលក្រោយបានដែរ (ដូចជាពេលងូតទឹក)។ វិធីនេះ គេហៅថា ដ្រាឃ្យូឡា (Dracula)។
ដោយហេតុយ៉ាងនេះ ខ្ញុំសូមសំណូមពរអ្នកទាំងអស់គ្នាឲ្យប្រើកែងដៃមកខ្ទប់មាត់ ពេលណាត្រូវការក្អក រឺកណ្ដាសដើម្បីសុខភាពអ្នកដទៃ ក៏ដូចជាសុខភាពបរិស្ថានយើងដែរ។ សូមសំណាងល្អ!
ដំណេកមិនបានគ្រប់គ្រាន់បណ្ដាលឲ្យស្លាប់មុនអាយុ
ក្រុមអ្នកស្រាវជ្រាវកាលពីថ្ងៃពុធ ទី៥ ឧសភាបាននិយាយថា អ្នកទទួលទានដំណេកតិចជាង៦ម៉ោងក្នុងមួយយប់ ប្រឈមមុខនឹងការស្លាប់មុនអាយុកាន់តែខ្លាំង។
អ្នកទាំងឡាយណា ដែលដេកតិចជាងរយៈពេលនេះ ១២% នឹងស្លាប់មុនអាយុថ្វីបើក្រុមអ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការទទួលទានដំណេកច្រើនជាង៩ម៉ោង និងការស្លាប់មុនអាយុក៏ដោយ។
លោក Francesco Cappuccio ដែលដឹកនាំការស្រាវជ្រាវលើប្រធានបទនេះនៅសាកលវិទ្យាល័យ Warwick របស់អង់គ្លេសបានប្រាប់ AFP ថា៖ “ប្រសិនបើអ្នកដេកបានតិច អ្នកអាចកើតជម្ងឺទឹកនោមផ្អែម ជម្ងឺធាត់ពេក មានសម្ពាធឈាមខ្ពស់ និងមានកូឡេស្តេរ៉ូលខ្ពស់”។
ការសិក្សានេះ ដែលសហការជាមួយសាកលវិទ្យាល័យ Federico II ក្នុងក្រុង Naples ប្រទេសអ៊ីតាលី បានប្រមូលចងក្រងការសិក្សា ដែលមានរយៈពេល១ទសវត្សរ៍ពីជុំវិញពិភពលោក ដែលមានមនុស្សជាង១,៣លាននាក់បានចូលរួម និងបានរកឃើញ “ភស្តុតាងច្បាស់លាស់ នៃទំនាក់ទំនងផ្ទាល់” រវាងការដេកមិនបានគ្រប់ និងការស្លាប់មុនអាយុ។
លោក Cappuccio បានបន្តទៀតថា៖ “យើងគិតថា ទំនាក់ទំនងរវាងការដេកតិចតួច និងជម្ងឺ គឺដោយសារតែយន្តការខាងអ័រម៉ូន និងការរំលាយអាហារក្នុងរាងកាយ”។
ការរកឃើញតាមការសិក្សានេះ ត្រូវបានគេបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីការទទួលទានដំណេកមួយ។
លោក Cappuccio ជឿថា ថេរវេលានៃការដេក គឺជាបញ្ហាសុខភាពសាធារណៈមួយ ហើយគេគួរតែចាត់ទុកថាជាកត្តាប្រឈមខាងអាកប្បកិរិយារបស់វេជ្ជបណ្ឌិត។
លោក Cappucio បានបន្តទៀតថា៖ “សង្គមបានជម្រុញឲ្យយើងទទួលទានដំណេកកាន់តែតិចទៅៗ។ មានប្រជាជនប្រមាណ២០%នៅអាមេរិក និងអង់គ្លេសដេកមិនដល់៥ម៉ោងទេ”។
ការដេកតិចជាង៦ម៉ោង កាន់តែទូទៅក្នុងចំណោមបុគ្គលិកធ្វើការពេញម៉ោង ដោយលើកឡើងថា វាអាចបណ្ដាលមកពីសម្ពាធសង្គមដែលមានម៉ោងធ្វើការយូរជាងធម្មតា និងការងារប្ដូរវេនកាន់តែច្រើន”៕
ដកស្រង់ចេញពី៖ The Phnom Penh Post


