បណ្ណសារប្លក

ដំណេក​មិន​បាន​គ្រប់​គ្រាន់​បណ្ដាល​ឲ្យ​ស្លាប់​មុន​អាយុ

ក្រុម​អ្នក​ស្រាវ​ជ្រាវ​កាល​ពី​ថ្ងៃ​ពុធ ទី៥ ឧសភា​បាន​និយាយ​ថា អ្នក​ទទួល​ទាន​ដំណេក​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់ ប្រឈម​មុខ​នឹង​ការ​ស្លាប់​មុន​អាយុ​កាន់​តែ​ខ្លាំង។

អ្នក​ទាំង​ឡាយ​ណា ដែល​ដេក​តិច​ជាង​រយៈ​ពេល​នេះ ១២% នឹង​ស្លាប់​មុន​អាយុ​ថ្វី​បើ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទំនាក់​ទំនង​រវាង​ការ​ទទួល​ទាន​ដំណេក​ច្រើន​ជាង​៩​ម៉ោង និង​ការ​ស្លាប់​មុន​អាយុ​ក៏​ដោយ។

លោក Francesco Cappuccio ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លើ​ប្រធាន​បទ​នេះ​នៅ​សាកល​វិទ្យាល័យ Warwick របស់​អង់គ្លេស​បាន​ប្រាប់ AFP ថា៖ “ប្រសិន​បើ​អ្នក​ដេក​បាន​តិច អ្នក​អាច​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​ ជម្ងឺ​ធាត់​ពេក មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​មាន​កូឡេស្តេរ៉ូល​ខ្ពស់”។

ការ​សិក្សា​នេះ ដែល​សហការ​ជា​មួយ​សាកលវិទ្យាល័យ Federico II ក្នុង​ក្រុង Naples ប្រទេស​អ៊ីតាលី បាន​ប្រមូល​ចង​ក្រង​ការ​សិក្សា ដែល​មាន​រយៈ​ពេល​១​ទសវត្សរ៍​ពី​ជុំវិញ​ពិភព​លោក ដែល​មាន​មនុស្ស​ជាង១,៣​លាន​នាក់​បាន​ចូល​រួម និង​បាន​រក​ឃើញ “ភស្តុតាង​ច្បាស់​លាស់ នៃ​ទំនាក់​ទំនង​ផ្ទាល់” រវាង​ការ​ដេក​មិន​បាន​គ្រប់ និង​ការ​ស្លាប់​មុន​អាយុ។

លោក Cappuccio បាន​បន្ត​ទៀត​ថា៖ “យើង​គិត​ថា ទំនាក់​ទំនង​រវាង​ការ​ដេក​តិច​តួច និង​ជម្ងឺ គឺ​ដោយ​សារ​តែ​យន្តការ​ខាង​អ័រម៉ូន និង​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ”។

ការ​រក​ឃើញ​តាម​ការ​សិក្សា​នេះ ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ការ​ទទួល​ទាន​ដំណេក​មួយ។

លោក Cappuccio ជឿ​ថា ថេរវេលា​នៃ​ការ​ដេក គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​មួយ ហើយ​គេ​គួរ​តែ​ចាត់​ទុក​ថា​ជា​កត្តា​ប្រឈម​ខាង​អាកប្បកិរិយា​របស់​វេជ្ជបណ្ឌិត។

លោក Cappucio បាន​បន្ត​ទៀត​ថា៖ “សង្គម​បាន​ជម្រុញ​ឲ្យ​យើង​ទទួល​ទាន​ដំណេក​កាន់​តែ​តិច​ទៅៗ។ មាន​ប្រជាជន​ប្រមាណ​២០%​នៅ​អាមេរិក និង​អង់គ្លេស​ដេក​មិន​ដល់​៥​ម៉ោង​ទេ”។

ការ​ដេក​តិច​ជាង​៦​ម៉ោង កាន់​តែ​ទូទៅ​ក្នុង​ចំណោម​បុគ្គលិក​ធ្វើ​ការ​ពេញ​ម៉ោង ដោយ​លើក​ឡើង​ថា វា​អាច​បណ្ដាល​មក​ពី​សម្ពាធ​សង្គម​ដែល​មាន​ម៉ោង​ធ្វើ​ការ​យូរ​ជាង​ធម្មតា និង​ការងារ​ប្ដូរ​វេន​កាន់​តែ​ច្រើន”៕

ដក​ស្រង់​ចេញ​ពី៖ The Phnom Penh Post

តាមដាន

Get every new post delivered to your Inbox.

Join 42 other followers