គុណវិបត្តិរបស់សម


នៅ​ក្នុង​សៀវភៅ​ក្រសួង​អប់​រំ​មាន​ច្រើន​ណាស់​ដូច​ជា​រឿង​ភូមិ​តិរច្ឆាន រឿង​គូលី​កំនែន…ហើយ​ក្នុង​នេះ​ក៏​មាន​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ផង​ដែរ។ តាម​រយៈ​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​នេះ យើង​ឃើញ​ថា​តួអង្គ​ឯក​គឺ​សម។ មាន​ការ​ពិភាក្សា​ក៏​ដូច​ជា​តែង​សេចក្ដី​ស្ដី​អំពី​គុណ​សម្បត្តិ​របស់​សម​ជា​ច្រើន​ដែល​គួរ​តែ​យក​តម្រាប់​តាម។ យ៉ាង​ណា​មិញ​ តាម​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា​សម​ក៏​មាន​គុណ​វិបត្តិ​ធំៗ​មួយ​ចំនួន​នោះ​ដែរ។

គុណ​វិបត្តិ​ធំ​បំផុត​ទី​មួយ​នោះ​គឺ​ថា សម​ឆាប់​ការ​ប្រពន្ធ​ពេក​ ទាំង​ខ្លួន​នៅ​ក្រ​សោះ​នៅ​ឡើយ។ តាម​រយៈ​សាច់​រឿង​ សម​អាច​ចាត់​ទុក​បាន​ថា​ជា​អ្នក​ចេះ​ដឹង​មួយ​រូប​ ដែល​បាន​រៀន​ដល់​ថ្នាក់​ឧត្ដម​ដ្ឋាន ចុះ​ហេតុ​អ្វី​បាន​ជា​គេ​មិន​ចេះ​គិត​គូរ​ក្នុង​ការ​រើស​គូ​ស្រករ​សោះ​អញ្ចឹង? យើង​ត្រូវ​ដឹង​ថា មុន​នឹង​រើស​នរណា​ម្នាក់​ជា​មិត្ត​មួយ​រយ​ឆ្នាំ​នោះ យើង​ត្រូវ​ចេះ​ប៉ាន់​ប្រមាណ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវ​ភាព​របស់​ខ្លួន​បាន​ធូរ​ស្បើយ​សិន​ដែរ ពោល​គឺ​ត្រូវ​ចេះ​រៀប​ចំ​ឲ្យ​មាន​គោល​ជំហរ​រឹង​មាំ​ក្នុង​ជីវិត​ជា​មុន​សិន។ បើ​មិន​ដូច្នោះ​ទេ នៅ​ពេល​ដែល​រៀប​ការ​ប្រពន្ធ​មក នឹង​ត្រូវ​ក្រី​ក្រ​តោកយ៉ាក​លំបាក​វេទ​នា​ទាំង​អស់​គ្នា នេះ​​ដោយ​សារ​តែ​នាយ​សយ​ជា​មនុស្ស​មិន​សូវ​ចេះ​ប្រកាន់​រឿង​ប្រាក់​កាស បើ​បាន​ស្រី​ណា​ផ្សេង ប្រហែល​ជា​ត្រូវ​ឈ្លោះ​គ្នា​រាល់​តែ​ថ្ងៃ​ជា​មិន​ខាន។ យើង​ក៏​បាន​ឃើញ​ដែរ​ហើយ​ថា ក្រោយ​ពី​​អ្នក​ទាំង​ពីរ​រៀប​អាពាហ៍ពិពាហ៍​រួច​មក​ ក៏​កើត​រឿង​រកាំ​រកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ រហូត​ដល់​ស្លាប់​នាង​សយ​ជា​ប្រពន្ធ​ទៀត​ផង។ នេះ​ហើយ​ជា​ភាព​មិន​បាន​ពិចារណា​វែង​ឆ្ងាយ​របស់​សម ហើយ​ក៏​ជា​វិប្បដិសារី​ធំ​បំផុត​មួយ​របស់​សម​ផង​ដែរ។ ខ្ញុំ​យល់​ថា​នេះ​ក៏​អាច​ចាត់​ទុក​ជា​មេរៀន​មួយ​សម្រាប់​ដាស់​តឿន​អ្នក​ទាំង​អស់​គ្នា​ជា​យុវវ័យ​ជិត​មាន​គូ​ស្រករ គឺ​ថា​មុន​នឹង​យក​នរណា​ម្នាក់​ធ្វើ​ប្ដី​រឺ​ប្រពន្ធ​ត្រូវ​តែ​ធានា​ឲ្យ​ខាង​តែ​បាន​ថា​អ្នក​ទាំង​ពីរ​មាន​ការងារ​រៀង​ៗ​ខ្លួន​អាច​ចិញ្ចឹម​គ្នា​រស់ បើ​ពុំ​នោះ​ទេ​គឺ​មាន​តែ​ផ្លូវ​ក្រ​មួយ​ប៉ុណ្ណោះ​ដែល​រង់​ចាំ​អ្នក​ទាំង​ពីរ​ទៅអនាគត​កាល។

ចំនែក​ឯ​គុណ​វិបត្តិ​ទី​ពីរ​របស់​សម​នោះ​គឺ​ការ​ឆាប់​ជឿ​របស់​សម​ពេក​ទៅ​លើ​អ្នក​នយោបាយ​បោក​ប្រាស់​ទាំង​អស់​នោះ​។ ដូច​ដែល​បាន​និយាយ​ខាង​លើ សម​ជា​អ្នក​ចេះ​ដឹង គួរ​យល់​ថា​មុន​នឹង​ជឿ​សម្ដី​របស់​នរណា​ម្នាក់​ត្រូវ​ស៊ើប​សួរ​ពិនិត្យ​អង្កេត​ប្រវត្តិ​ និង​សកម្ម​ភាព​របស់​គេ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ព្រោះ​ថា​ជួន​កាល​នៅ​មុខ​យើង​គេ​ធ្វើ​ជា​ទន់​ភ្លន់​សុភាព​រាប​សា តែ​នៅ​ក្រោយ​ខ្នង​បែរ​លួច​ជេរ​យើង​វិញ​ក៏​ថា​បាន។ ពាក្យ​ចាស់​ក៏​លោក​បាន​ពោល​ដែរ​ថា “ចិត្ត​មនុស្ស​ពិបាក​ស្ទាប​ស្ទង់” ដូច្នេះ​យើង​មិន​គួរ​ត្រចៀក​ស្រាល​ចេះ​តែ​មើល​ឃើញ​គេ​ល្អ​នៅ​តែ​ចំពោះ​មុខ តែ​មិន​ដឹង​ចិត្ត​គំនិត​របស់​គេ​នោះ​ទេ។

តាម​អ្វី​ដែល​ខ្ញុំ​បាន​បរិយាយ​ខាង​លើ​នេះ សរ​ឲ្យ​ឃើញ​ថា​ទោះ​ជា​តួ​អង្គ​ឯក​ក្ដី​ក៏​មាន​គុណ​វិបត្តិ​របស់​ខ្លួន​ដែរ មិន​មែន​​ចេះ​តែ​មាន​តែ​គុណ​សម្បត្តិ​ម្យ៉ាង​នោះ​ទេ។ អ្វី​ៗ​ដែល​ខ្ញុំ​រ៉ាយរាប់​ទាំង​អម្បាល​ម៉ាន​គ្រាន់​តែ​ចាត់​ទុក​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​សម្រាប់​ឲ្យ​មិត្ត​អ្នក​អាន​ និង​អ្នក​សិក្សា​ទាំង​ឡាយ​ស្វែង​យល់​ពិចារណា​បន្ថែម​ទៅ​លើ​ បុគ្គលិក​លក្ខណៈ ​របស់​តួអង្គ​ឯក​ ក៏​ដូច​ជា​តួអង្គ​រង​នៅ​ក្នុង​រឿង​ដទៃ​ទៀត ដោយ​ហេតុ​ថា​អ្វីៗ​ក៏​ដោយ​ តែង​តែ​មាន​ល្អ​មាន​អាក្រក់​ គ្រាន់​តែ​ថា​មួយ​ណា​ច្រើន​ជាង​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s