ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់


valentine-day

ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ ជា​រៀង​រាល់​ឆ្នាំ គេ​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ដែល​មាន​ដើម​កំណើត​នៅ​ទ្វីប​អឺរ៉ុប ដែល​មាន​ឈ្មោះ​ថា បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា Saint Valentine’s Day ។ ឈ្មោះ​នៃ​ពិធី​បុណ្យ​នេះ​គឺ​យក​ពី​បព្វ​ជិត​សាសនា​គ្រិស្ត​ម្នាក់​​ឈ្មោះ​ថា Valentine ។ ធ្លាប់​មាន​ទស្សនៈ​ជា​ច្រើន​ចំពោះ​ប្រវត្តិ​នៃ​ពិធី​បុណ្យ​នេះ ប៉ុន្តែ​ប្រវត្តិ​រឿង​ដែល​គេ​និយម​ចូល​ចិត្ត​ភាគ​ច្រើន​ជាង​គេ​នោះ​មាន​ដូច​ត​ទៅ៖

ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​សម័យ​កាល​ចក្រភព​រ៉ូម។ នៅ​ក្នុង​ចក្រភព​រ៉ូម​សម័យ​បុរាណ ថ្ងៃ​ទី​១៤​កុម្ភៈ​គឺ​ជា​ថ្ងៃ​បុណ្យ​ឧទ្ទិស​ដល់ ទេព​ធីតាជូណូ[1]។ ចំនែក​ថ្ងៃ​បន្ទាប់​ គឺ​ទី​១៥​កុម្ភៈ​ជា​ពិធី​ជប់​លៀង​អាហារ។

នៅ​សម័យ​នោះ​ជីវិត​របស់​ក្មេង​ប្រុស​និង​ក្មេង​ស្រី​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ណាស់។ ទោះ​បី​ជា​យ៉ាង​ណា គេ​មាន​ទំនៀម​ទម្លាប់​មួយ​ដែល​ហៅ​ថា ការ​គូ​ឈ្មោះ ។ នៅ​យប់​ថ្ងៃ​ទី​១៤ ឈ្មោះ​របស់​ក្មេង​ស្រី​រ៉ូម​ត្រូវ​បាន​គេ​ចារ​ទុក​នៅ​លើ​ក្រដាស​មួយ​សន្លឹកមួយៗ​ រួច​ដាក់​ទៅ​ក្នុង​ដប​កែវ​មួយៗ​ដោយ​​ឡែក​ពី​គ្នា។ ក្មេង​ប្រុស​ម្នាក់​ៗ​នឹង​ត្រូវ​រើស​ដប ហើយ​ទាញ​យក​ក្រដាស​ឈ្មោះមក​មើល។ បើ​ប៉ះ​ចំ​ឈ្មោះ​ស្រី​ម្នាក់​ណា មនុស្ស​ប្រុស​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​នាង​សម្រាប់​រយៈ​ពេល​មួយ​ល្ងាចនោះ។ ជួន​កាល​ ការ​ចាប់​ដៃ​គូ​អាច​បន្ត​រហូត​​ដល់ទៅ​មួយ​ឆ្នាំ ហើយ​ភាគ​ច្រើន ពួក​គេ​ទាំង​ពីរ​រមែង​ចាប់​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក រួច​ក៏​រៀប​មង្គល​ការ​ទៅ។

នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​អធិរាជ​ ក្លោឌៀស​ទី​ពីរ (Claudius II) ចក្រ​ភព​រ៉ូម​ត្រូវ​ជួប​ប្រទេស​នឹង​ចម្បាំង ព្រម​ទាំង​ភាព​ចលាចល​ជា​ច្រើន។ ហេតុ​នេះ​ហើយ​ព្រះ​ចៅ​អធិរាជ​តែង​តែ​កេណ្ឌ​ទ័ព​ដើម្បី​យក​ទៅ​ច្បាំង ប៉ុន្តែ​ក្រោយ​ៗ​មក ការ​កេណ្ឌ​ទ័ព​កាន់​តែ​ពិបាក​ទៅៗ ចំនែក​ព្រះ​អង្គ​យល់​ថា ប្រុស​ៗ​មិន​ព្រម​ចូល​ខ្លួន​បម្រើ​ទ័ព​ដោយ​សារ​តែ​មិន​អស់​អាល័យ​នឹង​ប្រពន្ធ​កូន និង​គ្រួសារ​នៅ​ឯ​ផ្ទះ។ ដូច្នេះ​ហើយ ព្រះអង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​យ៉ាង​ឆេវ​ឆាវ​ បញ្ជា​ឲ្យ​គេ​បិទ​រារាំង​មិន​ឲ្យ​មាន​ការ​រៀប​មង្គល​ការ​ឡើយ។ អាចារ្យ Valentine គឺ​ជា​បព្វ​ជិត​មួយ​នៅ​ក្នុង​សម័យ​នោះ ហើយ​គាត់​មាន​គំនិត​ប្រឆាំង​នឹង​ទង្វើ​របស់​ព្រះ​ចៅ​អធិរាជ ព្រម​ទាំង​លួច​រៀប​ការ​ឲ្យ​គូ​សង្សារ​ដោយ​សម្ងាត់​ទៀត​ផង។ ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត ចុង​បញ្ចប់​អាចារ្យ Valentine ត្រូវ​ពួក​កង​ទ័ព​រ៉ូម​ដេញ​ទាន់ ព្រម​ទាំង​ចាប់​យក​ទៅ​ដាក់​គុក​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត។ ប្រជារាស្ត្រ​មាន​ការ​កោត​សរសើរ​ចំពោះ​សេចក្ដី​ក្លាហាន និង​ទឹក​ចិត្ត​មនសិការ​របស់​លោក​ចំពោះ​ សេចក្ដី​ស្រឡាញ់ ក៏​នាំ​គ្នាយក​ផ្កា និង​សរសេរ​លិខិត​ជូន​ពរ​ផ្សេងៗ​ រួច​បោះ​ចូល​មក​ឲ្យ​លោក​តាម​បង្អួច​គុក។ មាន​តែ​កូន​ស្រី​របស់​អ្នក​យាម​គុក​ម្នាក់​ប៉ុន​នោះ​ដែល​អាច​ចូល​មក​ជួប​ Valentine ដោយ​ផ្ទាល់។ ពួក​គេ​ទាំង​ពីរ​ជជែក​គ្នា​ពី​នេះ​ពី​នោះ ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ទឹក​ចិត្ត​របស់​ Valentine។ ពួក​គេ​ទាំង​ពីរ​ក៏​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធិ។ នៅ​ថ្ងៃ​ដែល Valentine ត្រូវ​ស្លាប់ គាត់​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ជូន​ដល់​កូន​ស្រី​អ្នក​យាម​គុក​នោះ ដោយ​មាន​ចុះ​ហត្ថលេខា​ថា “ដោយ​ក្ដី​ស្រឡាញ់​ពី​ Valentine របស់​អ្នក​”។

អាចារ្យ Valentine ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ថ្ងៃ​ទី ១៤ កុម្ភៈ ឆ្នាំ ២៦៩ នៃ​គ.ស។ ចំនេរ​កាល​ត​មក ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​នេះ មនុស្ស​ម្នា​តែង​តែ​នឹក​ឃើញ​ដល់ Valentine ជា​ពិសេស​ដល់​ សេចក្ដី​ស្រឡាញ់ និង​ មិត្ត​ភាព។ ហើយ​គេ​ក៏​នឹក​ដល់​អធិរាជ ក្លោឌៀស ផង​ដែរ គឺ​នឹក​ដល់​ភាព​ឆោត​ល្ងង់​របស់​ព្រះ​អង្គ ដែល​ហ៊ាន​ធ្វើ​ជា​សត្រូវ​នៃ​ សេចក្ដី​ស្រឡាញ់ ។ គេ​ក៏​នាំ​គ្នា​សើច….ព្រោះ​ថា គ្មាន​អ្វី​អាច​ផ្ចាញ់​ សេចក្ដី​ស្រឡាញ់ បាន​ឡើយ។

អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ដឹង​ធ្លាប់​អាន​ប្រវត្តិ​រឿង​ បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ។ ខ្ញុំ​គ្រាន់​តែរំលឹក​ឡើង​វិញ​នូវ​ចំនុច​លំអិត​ៗ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ។ គួរ​បញ្ជាក់​​ផង​ដែរ​ថា ថ្ងៃ​១៤​កុម្ភៈ​ ទិវា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ មិន​មែន​សំដៅ​ត្រឹម​តែ​លើ​សេចក្ដី​ស្រឡាញ់​របស់​គូ​សង្សារ​តែ​ប៉ុន​នោះ​នោះ​ទេ។ ពិធី​បុណ្យ​នេះ​គឺ​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់ និង ​មិត្ត​ភាព ជា​សកល គ្មាន​ការ​រើស​អើង គ្មាន​ការ​ប្រកាន់ ពោល​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប និង​គ្រប់​ប្រទេស​ទាំង​អស់។

នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​នេះ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ព្រម​បើក​ចិត្ត​ បើក​បេះ​ដូង​ ព្រម​ប្រគល់​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់​រូប និង​ព្រម​ទទួល​សេចក្ដី​ស្រឡាញ់​ពី​អ្នក​រាល់​គ្នា​ផង​ដែរ។ និយាយ​រួម​ទៅ សូម​ឲ្យ​សប្បាយ​រីក​រាយ ញញឹមទាំង​អស់​គ្នា!


[1] ទេពធី​តា​ជូណូ​ជា​ទេពធីតា​នៃ​មង្គល​ការ​ និង​ជា​ប្រពន្ធ​របស់​អាទិទេព ជូពីទ័រ (Jupiter)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s