រំលឹករឿងចាស់


       ប្រទេស​កម្ពុជា​យើង​ធ្លាប់​ឆ្លង​កាត់​ភាព​ល្វីង​ជូរ​ចត់​ជា​ច្រើន​សតវត្ស​មក​ហើយ ជា​ពិសេស​នៅ​ក្នុង​សម័យ​អាណា​និគម​និយម​បារាំង​ ដែល​មាន​រយៈ​ពេល​ជិត​មួយ​សតវត្ស (១៨៦៣-១៩៥៣)។ ដើម្បី​ជា​អនុស្សាវរីយ៍​រំលឹក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ឲ្យ​បាន​ដឹង​បាន​ស្គាល់​ពី​ទុក្ខ​វេទនា​របស់​ប្រជារាស្ត្រ និពន្ធ​ករ​ជា​ច្រើន​បាន​ចង​ក្រង​ឡើង​នូវ​សៀវភៅ​រឿង​ មាន​ជា​អាទិ៍​ដូច​ជា រឿង​គូលី​កំនែន រឿង​ភូមិ​តិរច្ឆាន រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់ ។ល។ តួ​យ៉ាង​ នៅ​ក្នុង​ភូមិ​តិរច្ឆាន​ បាន​លើក​ឡើង​ថា អ្នក​ភូមិ​ក្រាំង​លាវ​ទាំង​អស់​បាន​នាំ​គ្នា​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​លោក​បារដេស ពោល​គឺ​ប្រើ​អំពើ​ហិង្សា​ត្រា​តែ​លោក​បារដាស​ស្លាប់។ ខ្ញុំ​ចង់​សួរ​ថា តើ​មាន​វិធី​ល្អ​ជាង​នេះ​ដែរ​រឺ​ទេ ដើម្បី​បង្ហាញ​អំពី​ការ​មិន​យល់​ស្រប​របស់​យើងចំពោះ​លទ្ធិ​ណា​មួយ?

            សូម​លើក​ឧទាហរណ៍​ពី​ប្រទេស​ឥណ្ឌា​ក្នុង​សម័យ​លោក​មហាត្មៈ គន្ធី (Mohandas Gandhi) ដែល​ជា​ទស្សនវិទូ​អហិង្សា​ដ៏​ល្បី​ល្បាញ​មួយ​រូប។ ក្នុង​សម័យ​លោក​ដូច​នៅ​ប្រទេស​កម្ពុជា​យើង​ដែរ គឺ​ប្រទេស​ឥណ្ឌា​ស្ថិត​នៅ​ក្រោមអាណា​និគម​របស់​ចក្រភព​អង់គ្លេស ហើយ​ប្រទេស​អង់គ្លេស​ក៏​បាន​គាប​សង្កត់​គ្រប់​បែប​យ៉ាង​ទៅ​លើ​ប្រជា​ជន​ដូច​ជា​ចាប់​ដាក់​គុក​ច្រវ៉ាក់ យក​ទៅ​បាញ់​សម្លាប់​ចោល បំបាត់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ រឺ​ប្រឆាំង​ជំទាស់ ពោល​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​របប​អាណា​និគម​លើ​ប្រទេស​កម្ពុជា​យើង​ដែរ។ លោក​គន្ធី​បាន​តស៊ូ​រហូត​ទាល់​តែ​គាត់​ដណ្ដើម​បាន​ឯក​រាជ្យ​ពី​ប្រទេស​អង់គ្លេស ព្រម​ទាំង​បាន​ហាម​ឃាត់​ជម្លោះ​រវាង​ពួក​អ៊ីស្លាម និង ពួក​ហិណ្ឌូ​ទៀត​ផង។ សួរ​ថា ដើម្បី​ទាម​ទារ​ឯក​រាជ្យ​ជូន​ប្រទេស​គាត់​ពី​អង់គ្លេស​វិញ តើ​គាត់​ធ្វើ​របៀប​ណា? ចម្លើយ​គឺ​ ការ​មិន​ប្រើ​អំពើ​ហិង្សា ។ គឺ​គ្មាន​ទាល់​តែ​សោះ​តែ​ម្ដង លោក​គន្ធី​មិន​ដែល​បំផុស​បំផុល​ប្រជា​ជន​ណា​ម្នាក់ឲ្យ​កាន់​អាវុធ​ទៅ​ដណ្ដើម​យក​ឯក​រាជ្យ​មក​វិញ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​តស៊ូ​ដោយ​ស្ងាត់​ស្ងៀមបំផុត ដោយ​គាត់​យល់​ឃើញ​ថា សង្គ្រាម ទោះ​បី​ជា​ដើម្បី​បុព្វ​ហេតុ​អ្វី​ក៏​ដោយ ក៏​នៅ​តែ​ជា​ឃាតកម្ម​មួយ​ដ៏​ឃោរឃៅ។ផែន​ការ​របស់​គាត់ គឺ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជន​ឥណ្ឌា​ទាំង​អស់​ឈប់​ធ្វើ​រាល់​អំពើ​អយុត្តិធម៌​ទាំង​ឡាយ ដែល​ប្រទេស​អង់គ្លេស​បង្ខំ​ឲ្យ​ធ្វើ។ ដោយ​ហេតុ​លោក​គន្ធី​ជា​គម្រូ​ម្នាក់​ដ៏​ល្អ និង​ជា​វាគ្មិន​ម្នាក់​ផង​នោះ ប្រជាជន​ឥណ្ឌា​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ស្ដាប់​តាម​គាត់។ លទ្ធផល​ឃើញ​ថា​ទទួល​បាន​ផ្លែ​ផ្កា​ល្អ​ណាស់ ពី​ព្រោះ​ប្រជា​ជន​ឥណ្ឌា​លែង​ទិញ​ រឺ​ប្រើ​ប្រាស់​របស់​របរ​ពួក​អង់គ្លេស​ទៀត​ហើយ ត្បិត​ពួក​គេ​ស្រុះ​ស្រួល​គ្នា​ផលិត​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ ការ​នេះ គួប​ផ្សំ​នឹង​មធ្យោបាយ​អហិង្សា​ផ្សេងៗ​ទៀត បាន​នាំ​ឲ្យ​ពួក​អង់គ្លេស​បង្ខំ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា។ យើង​ឃើញ​ហើយថា ការ​ប្រយុទ្ធ​តាម​ផ្លូវ​ចិត្ត ផ្លូវ​ធម៌ ផ្លូវ​អហិង្សា ជា​កំលាំង​ដ៏​ធំ​ធេង​មហាសាល ​លើស​ពី​កំលាំង​ហិង្សា​ដែល​យើង​មើល​ឃើញ​ទៅ​ទៀត ។ អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​គេ​ជា​ចាំ​បាច់​នោះ​គឺ ត្រឹម​តែ​ចិត្ត​អត់ធ្មត់​ប៉ុណ្ណោះ។

យ៉ាង​ណាមិញ ទស្សនៈ​អហិង្សា​របស់​លោក​ គន្ធី នេះ​បាន​ជះ​ឥទ្ធិ​ពល​ទៅ​ដល់​វីរៈ​ជន​ស្បែក​ខ្មៅ​ម្នាក់​ទៀត គឺ​លោក ម៉ាកតាំង លូធ័រ ឃីង (Martin Luther King) ដែល​ក្រោយ​មក​អាច​រំដោះ​ជន​ជាតិ​ស្បែក​ខ្មៅ​ពី​ការ​មាក់​ងាយ ជិះ​ជាន់ ព្រម​ទាំង​ឲ្យ​មាន​សិទ្ធិ​សេរី​ភាព​ស្មើ​នឹង​ពួក​ស្បែក​ស​បាន។

រួម​សេចក្ដី​មក អំណាច​ចិត្ត​អហិង្សា​ ដូច​ដែល​បាន​រៀប​រាប់ខាង​លើ​នេះ ពិត​ជា​មាន​ថាម​ពល​ខ្លាំង​ណាស់។ ប្រសិន​បើ​យើង​អាច​ត្រលប់​ទៅ​អតីតកាល​វិញ​ នៅ​សម័យ​អាណា​និគម​បារាំង​នៅ​ប្រទេស​កម្ពុជា​ តើ​ប្រជា​ជន​ទាំង​អស់​គួរ​តែ​ប្រកាន់​យក​​ទស្សនៈអ​ហិង្សា​នេះ​ដែរ​រឺ​ទេ? តើ​គួរ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ធម៌ និង​ផ្លូវ​ចិត្ត​ដែរ​រឺ​ទេ? តើ​យើង​អាច​ទទួល​ឯក​រាជ្យ​ពី​ប្រទេស​បារាំង​បាន​ ដោយ​គ្មាន​អំពើ​ហិង្សា​បាន​ដែរ​រឺ​ទេ? តើ​ប្រជា​ជន​ភូមិ​ក្រាំង​លាវ​ និង​អ្នក​តស៊ូ​ដទៃ​ទៀត​មិន​ចាំ​បាច់​សម្លាប់​មនុស្ស​បាន​ដែរ​រឺ​ទេ?

តើ​អ្នក​គិត​យ៉ាង​ណា?

One thought on “រំលឹករឿងចាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s