ប្រៀប​ធៀប​អក្សរសិល្ប៍​ខ្មែរ និង​បរទេស


tumteav2alice

ភាសា និង​អក្សរ​សាស្ត្រ​ខ្មែរ​បាន​កើត​ឡើង​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​មុន​សម័យ​អង្គរ​ទៅ​ទៀត។ តាំង​តែ​ពី​គេ​រក​ឃើញ​សៀវភៅ​មក កវី និង​និពន្ធ​ករ​ខ្មែរ​ក៏​ចាប់ផ្ដើម​សរសេរ​អត្ថបទ​អក្សរ​សិល្ប៍​ជា​ច្រើន​សម្រាប់​ចូល​រួម​ជា​វិភាគ​ទាន​បែង​ចែក​រំលែក​ចំណេះ​ដឹង ក៏​ដូច​ជា​ដំបូន្មាន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ។

មក​ទល់​បច្ចុប្បន្ន​ ទោះ​បី​ជា​នៅ​តែ​មាន​សៀវភៅ​រឿង​បោះ​ពុម្ព​ផ្សាយ​ជា​ហូរ​ហែរ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​យល់​ថា​មិន​សូវ​ល្អ​ប៉ុន្មាន​ឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​អក្សរ​សិល្ប៍​បរទេស។ ជាក់​ស្ដែង រឿងខ្មែរសព្វ​ថ្ងៃ​ភាគ​ច្រើន​ដែល​អ្នក​និពន្ធ​តែង​ឡើង ច្រើន​តែ​និយាយ​អំពី​រឿង​ស្នេហា​ មិន​សូវ​ទុក​ជា​ប្រយោជន៍​អ្វី​ច្រើន​ដល់​កូន​ខ្មែរ​ឡើយ ហើយ​បើ​ផ្ដល់​តម្លៃ​អប់​រំ​វិញ ក៏​ផ្ដល់​តែ​ដំបូន្មាន​ច្រំ​ដែលៗ មិន​អាច​យក​ជា​ការ​បាន។ ចំពោះ​អ្នក​មាន​ស្នេហា​ រឺ​អ្នក​ចូល​ចិត្ត​រឿង​ស្នេហា​ ពួក​គេ​ប្រហែល​ជា​គិត​ថា​ល្អ​មើល​ហើយ ដូច​ជា​សៀវភៅ​របស់​អ្នក​ស្រី ម៉ៅ សំណាង ជា​ដើម ប៉ុន្តែ​ដោយ​ឡែក ចំពោះ​ខ្ញុំ​ដែល​ចូល​ចិត្ត​អ្វី​ដែល​ថ្មី ហើយ​ប្លែក​នោះ បែរ​ជា​យល់​ថា​រឿង​ទាំង​អស់​នេះ​ធុញ​ទ្រាន់​ខ្លាំង​ណាស់។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ហាក់​ដូច​ជា​មាន​ទំនោរ​ច្រើន​ជាង​ទៅ​លើ​អក្សរ​សិល្ប៍​បរទេស ពី​ព្រោះ​ថា​អក្សរ​សិល្ប៍​បរទេស​មាន​គ្រប់​បែប​គ្រប់​បទ មាន​គ្រប់​ប្រភេទ​ទាំង​អស់ មិន​ថា​ស្នេហា ស៊ើប​អង្កេត វិទ្យាសាស្ត្រ​ប្រឌិត នយោបាយ សង្គម…គឺ​សុទ្ធ​តែ​ជា​រឿង​ល្អៗ។ លើស​ពី​នេះ​ទៅ​ទៀត រឿង​បរទេស​ទាំង​នោះ​ តួ​យ៉ាង រឿង Animal Farm របស់​លោក George Orwell ពិត​ជា​មាន​អត្ថន័យ​មែន​ទែន ដូច​គ្នា​ដែរ រឿង The Da Vinci Code ដែល​អ្នក​និពន្ធ​លោក Dan Brown ពូកែ​ក្នុង​ការ​តែង​សាច់​រឿង​ណាស់។

ចំនុច​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​ចូល​ចិត្ត​អាន​រឿង​នោះ​គឺ​ត្រង់ ចំនុច​របត់ នៃ​រឿង ដែល​អង់គ្លេស​គេ​ថា Twisting Plot ។ ចំនុច​របត់​នៃ​រឿង​នេះ​គឺ​សំដៅ​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​សាច់​រឿង​តែ​មួយ​ឆ្វាច់ ដែល​ធ្វើ​ឲ្យ​អ្នក​អាន​ហួស​ចិត្ត​នឹក​ស្មាន​មិន​ដល់។ ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​រឿងអាថ៌​កំបាំងមួយ មុន​ដំបូង អ្នក​និពន្ធ​រៀប​រាប់​បង្ហាញ​តាម​រយៈ​សំដី​សំដៅ និង​សកម្ម​ភាព​ផ្សេងៗ​ធ្វើ​ឲ្យ​អ្នក​អាន​ជឿ​ថា ជន​ម្នាក់​ជា​មេ​ក្លោង ប៉ុន្តែ​ដល់​ចុង​បញ្ចប់​រឿង តួ​ចិត្ត​អាក្រក់​ បែរ​ជា​អ្នក​ដែល​មិន​គួរ​ឲ្យ​សង្ស័យ​បំផុត​ទៅ​វិញ។ ត្រង់​ចំនុច​នេះ តាម​ដែល​ខ្ញុំ​បាន​អាន​រឿង​ខ្មែរ​មក មិន​ទាន់​ឃើញ​មាន​អ្នក​និពន្ធ​ណា​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​ឡើយ។

បន្ថែម​លើ​នេះ​ទៀត សៀវភៅ​រឿង​ខ្មែរ​ដែល​បោះ​ពុម្ព​មក​ មាន​កំហុស​ឆ្គង​មិន​សម​គួរ​ជា​ច្រើន​ដែល​ខ្វះ​ការ​ត្រួត​ពិនិត្យ។ យ៉ាង​ណា​មិញ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ មាន​គេ​បោះ​ពុម្ព​ផ្សាយ​រឿង​ស្នេហា​បក​ប្រែ​ពី​ចិន ពី​កូរ៉េ​ ឃើញ​ថា​ពិត​ជា​ធ្វេស​ប្រហែស​ខ្លាំង​ណាស់ មួយ​ប្រយោគ​ស្ទើរ​តែ​ខុស​ទាំង​អស់​ទៅ​ហើយ។ ចុះ​ប្រសិន​បើ​ សិស្ស​ៗ​យក​ទៅ​អាន អក្ខរាវិរុទ្ធ​ខុសៗ​ទាំង​នោះ មិន​ដិត​ជាប់​នឹង​ខួរ​ក្បាល​ ធ្វើ​ឲ្យ​ខុស​ទ្វេ​ឡើង​តៗ​គ្នា​ទៅ​ហើយ?!! បើ​តាម​ខ្ញុំ​ដឹង នៅ​បរទេស​ សៀវភៅ​រឿង​គេ​មួយៗ​ដែល​មុន​នឹង​បោះ​ពុម្ព​ផ្សាយ ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​ខ្លាំង​ណាស់ ទាំង​ពាក្យ​អក្សរ និងអត្ថន័យ​នៃ​រឿង។

រួម​សេចក្ដី​មក យើង​ឃើញ​ថា​ភាព​ខុស​គ្នា​រវាង​អក្សរ​សិល្ប៍​ខ្មែរ​ និង​បរទេស​ពិត​ជា​ឆ្ងាយ​ណាស់ ទោះ​បី​ជា​រៀប​រាប់​ក៏​មិន​ចេះ​អស់​ដែរ។ ខាង​លើ​នេះ​គ្រាន់​តែ​ជា​គោល​គំនិត​សំខាន់​ៗ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​យើង​អាច​នឹង​យក​អក្សរសិល្ប៍​បរទេស​មក​បក​ប្រែ​ជា​ខេមរភាសា ដើម្បី​ចែក​រំលែក​ដល់​កូន​ខ្មែរ​ក្រោយៗ​ក៏​ជា​ការ​ល្អ​ម្យ៉ាង​ដែរ ត្បិត​អក្សរ​សិល្ប៍​របស់​ខ្មែរ​យើង​នៅ​មិន​ទាន់​អភិវឌ្ឍ​ជឿន​លឿន​នៅ​ឡើយ។ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ភ្លេច​យក​អក្សរសិល្ប៍​ល្អៗ​របស់​ខ្មែរទៅ​បង្ហាញ​ដល់​ឆាក​អន្តរជាតិ​ដែរ។

គំនិត​ប្លែក៖ ខ្ញុំ​ប្រហែល​ជា​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ដំណើរ​វិវឌ្ឍ​របស់​អក្សរ​សិល្ប៍​ខ្មែរ មាន​ការ​យឺត​យ៉ាវ​មិន​សូវល្អ​ល្អះ​ដូច​អក្សរ​សិល្ប៍​បរទេស។ “នៅ​ប្រទេស​កម្ពុជា​យើង សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​សារព៍ត៌មាន​ រឺ​សៀវភៅ​ផ្សេងៗ​នៅ​មាន​កំរិត​ច្រើន​ណាស់”។

One thought on “ប្រៀប​ធៀប​អក្សរសិល្ប៍​ខ្មែរ និង​បរទេស

  1. ខ្ញុំ​ក៏​មាន​ទស្សនៈ​ដូច​fidele ដែរ។ តែ​ខ្ញុំ​មិន​សូវ​ប្រាកដ​ថា អក្សរសិល្ប៍​បរទេស​ទាំង​អស់​សុទ្ធ​តែ​ល្អ​នោះ​ទេ។
    យើង​មើល​ឃើញ​របស់​គេ​ល្អ​ ប្រហែល​មក​ពី​គេ​មាន​អត្ថបទ​ច្រើន។ ដល់​ទៅ​ច្រើន​ទៅ តែ​ង​ធ្វើ​អោយ​យើង​ឃើញ​ថា​របស់​គេ​ល្អក៏​មាន​ច្រើន​តាម​ហ្នឹង​ដែរ។
    អក្សរ​សិល្ប៍​ល្បី​ៗ​របស់​គេ​​នោះ អ្នក​និពន្ធ​សឹង​ជា​លំដាប់​អ្នក​ប្រាជ្ញ​ទៅហើយ។ ដូច្នេះ​គំនិត​គេ​ជ្រៅ។
    រឿង​ខ្មែរច្រើន​តែ​និយាយ​អំពី​ស្នេហា ហើយ​ទៅ​ម៉ោៗ​ដដែល សាច់រឿង​ងាយៗ​ ត្រង់​ធ្លូ​ ប្រើ​សុភាសិត​រឺ​ទស្សនៈ​ដដែលៗ។ តែ​ថា​រឿង​បែប​ទស្សនវិជ្ជា​ក៏​ចាប់​កកើត​ឡើង​ខ្លះ​ៗ​ហើយ តាម​រយៈ​សមាគមនូហាច ទោះ​បី​ជា​មិន​ទាន់​សូវ​ល្អ​ដូច​គេ​ក្តី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s