កំពូលមនុស្ស…?


នៅ​ក្នុង​សកល​លោក​យើង​នេះ​ នៅ​មាន​អាថ៌កំបាំង​ជា​ច្រើន ដែល​មនុស្ស​មិន​ទាន់​អាច​មុជ​ជ្រៅ​វែក​ឃើញ​ការ​ពិត​ រឺ​ពន្យល់​ពី​មូល​ហេតុ​បាន​ដោយ​ជាក់​លាក់​ឡើយ។ កុំ​ថា​ឡើយ​ថា​តែ​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​យើង សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់ ក៏​យើង​មិន​ទាន់​ស្គាល់​ច្បាស់​ផង។ តាម​ការ​ស្រាវជ្រាវ និង​ភ័ស្តុតាង​មួយ​ចំនួន​ឃើញ​ថា មនុស្ស​យើង​អាច​មាន​សមត្ថភាព​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បាន​លើស​ពី​ការ​ស្មាន ដែល​សូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​ក៏​មិន យល់​ដែរ។

ចំនែក​បុរស​ម្នាក់​ជន​ជាតិ​អាមេរិច​ឈ្មោះ​លោក គីម ភីក (Kim Peek) មាន​សមត្ថភាព​ខួរ​ក្បាល​ម្យ៉ាង​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ។ លោក គីម ភីក​ ចាប់​កំណើត​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ១៩៥១ ដោយ​មាន​ការ​ប៉ះ​ពាល់​ដល់​កន្សោម​ខួរ​ក្បាល​ធំ ពោលគឺកញ្ចុំ​សរសៃ​ប្រសាទ​ដែល​ភ្ជាប់​អឌ្ឍគោល​ខួរ​ក្បាល​ទាំង​ពីរ​បែរ​ជា​បាត់​ទៅ​វិញ។ ដោយ​សារ​ហេតុ​នេះ បាន​ជា​គេ​ប៉ាន់​ស្មាន​ថា​ ណឺរ៉ូន​ (កោសិកា​ប្រសាទ) របស់​គាត់​ធ្វើ​ការ​ភ្ជាប់​គ្នា​ផ្សេងៗ​ទៀត​ដើម្បី​បំពេញ​កង្វះ​ខាត​របស់​គាត់ ដែល​បណ្ដាល​ឲ្យ​គាត់​មាន​សមត្ថភាព​ខួរ​ក្បាល​កើន​ដល់​កម្រិត​អតិបរមា។ ជា​លទ្ធផល គាត់​អាច​ចង​ចាំ​បាន​តាំង​ពី​អាយុ ១៦ ទៅ ២០ ខែ​មក​ម្ល៉េះ ។ ដល់​ពេល​អាយុ​បាន​ពីរ​ឆ្នាំ គាត់​អាច​អាន និង​ចងចាំ​សៀវភៅ​រួច​ទៅ​ហើយ។ ពេល​គាត់​ធំ​ឡើង​គាត់​អាច​ចង​ចាំ​ពាក្យ​រហូត​ដល់​ទៅ​សៀវភៅ​ជាង ១២០០០ ក្បាល សូម្បី​តែ​គម្ពីរ​ប៊ីប (Bible) និង​សៀវភៅ​ទូរស័ព្ទ​ ក៏​គាត់​ចាំ​អស់​ដែរ។ មិន​តែ​ប៉ុណ្ណោះ​គាត់​មាន​សមត្ថភាព​ពិសេស​ម្យ៉ាង​មួយ​ទៀត គឺ​គាត់​អាច​មើល​សៀវភៅ​ម្ដង​ពីរ​ទំព័រ​តែ​ក្នុង​រយៈ​ពេល​ប្រហែល​ដប់​វិនាទី​ប៉ុណ្ណោះ ពោល​គឺ​ភ្នែក​ស្ដាំ​គាត់​មើល​ទំព័រ​ខាង​ស្ដាំ ឯ​ភ្នែក​ឆ្វេង​មើល​ទំព័រ​ខាង​ឆ្វេង។ ជា​ទម្លាប់ ក្រោយ​ពេល​ដែល​គាត់​អាន​សៀវភៅ​ណា​មួយ​ចប់ គាត់​រមែង​ត្រលប់​សៀវភៅ​បញ្ច្រាស ជា​សញ្ញា​បង្ហាញ​ថា​គាត់​បាន អាន​ចប់​ហើយ ហើយ​ទម្លាប់​នេះ​ក៏​ជាប់​មក​រហូត។

ដោយ​ឡែក​ គាត់​ក៏​មាន​អសមត្ថភាព​មួយ​ចំនួន​ដែរ។ ឧទាហរណ៍ គាត់​មិន​អាច​ស្លៀក​ពាក់​ខោ​អាវ​ រឺ​សិត​សក់​ដោយ​ខ្លួន​ឯង​ទេ ចំនែក​ឯ​ចលនាសាច់​ដុំ​ធម្មតាៗ​មួយ​ចំនួន​ក៏​គាត់​មិន​អាច​ធ្វើ​បាន​ដែរ។ ដូច្នេះ​ហើយ​ គាត់​ត្រូវ​ការ​ការ​មើល​ថែ​ទាំ​ជានិច្ច​ពី​ឳពុក​របស់​គាត់​ គឺ​លោក​ហ្វ្រេន ភីក (Fran Peek) ។ ទោះ​ជា​មាន​ពិការភាព​យ៉ាង​ណា​ក្ដី​ គីម ភីក តែង​តែ​បន្ត​រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ លោក​តែង​ប្រាប់​មនុស្ស​ម្នា​ថា “មនុស្ស​ដែល​ខុស​គេ​មិន​ចាំ​បាច់​តែ​ជា​ជន​ពិការ​នោះ​ឡើយ។ តាម​ពិត មនុស្ស​ទាំង​អស់​​សុទ្ធ​តែ​ខុស​គ្នា​ទាំង​អស់។” ជា​អកុសល លោក​ គីម ភីក បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​សារ​ជម្ងឺ​បេះ​ដូង។

ករណី​នេះ​អាច​កើត​មាន​ដែរ ព្រោះ​ថា​តាម​វិទ្យាសាស្ត្រ គេ​សន្និដ្ឋាន​ថា​ប្រសិន​ជា​យើង​បាត់​បង់​ញាណ​ណា​មួយ​ នោះ​ញាណ​ដទៃ​ទៀត​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ទ្វេ​ឡើង​ដើម្បី​បំពេញ​ផ្នែក​ដែល​បាត់​បង់។ ជាក់​ស្ដែង​​ជន​ពិការ​ភ្នែក តែង​តែ​មាន​កាយិន្ទ្រីយារម្មណ៍ និង​សោតិន្ទ្រីយារម្មណ៍​​វាង​វៃ ជាង​មនុស្ស​ធម្មតា នេះ​គឺ​ដើម្បី​បំពេញ​កង្វះ​ខាត​ចក្ខុន្ទ្រី​យារម្មណ៍​ដែល​បាន​បាត់​បង់។

ប្រសិន​ជា​មាន​សមត្ថភាព​ពិសេស​ដូច​គាត់ មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា​ទេ។ ប៉ុន្តែ​បើ​ត្រូវ​ផ្ដោះ​ប្ដូរ​កាយ​សម្បទា​ដទៃ​ទៀត ដើម្បី​សមត្ថភាព​ពិសេស​នោះ សូម​ឲ្យ​ជា​មនុស្ស​ធម្មតា​វិញ ល្អ​ជាង។

One thought on “កំពូលមនុស្ស…?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s