លះ​បង់​ក្ដី​ស្រឡាញ់


កាល​ដើម​ឡើយ មាន​ក្មេង​ស្រី​ឯកោ​ម្នាក់ ដែល​រមែង​ប្រាថ្នា​ចង់​បាន​ក្ដី​ស្រឡាញ់​ណាស់។ នា​ថ្ងៃ​មួយ នាង​កំពុង​ត្រាច់​ចរ​ក្នុង​ព្រៃ​ ក៏​ប្រទះ​ឃើញ​បក្សី​ពីរ​ក្បាល​កំពុង​តែ​អត់​ឃ្លាន។ នាង​ក៏យក​ពួក​វា​ទៅ​ផ្ទះ ហើយ​ដាក់​ក្នុង​ទ្រុង​តូច​មួយ។ នាង​ថែរ​ក្សា​ពួក​វា​ដោយ​ក្ដី​ស្រឡាញ់ ចំនែក​បក្សី​ទាំង​ពីរ​ក៏​ធំ​ធាត់​ មាន​កម្លាំង​ឡើង​វិញ។ ​ជា​រៀង​រាល់​ល្ងាច ពួក​វា​តែង​ច្រៀង​ចម្រៀង​កំដរ​នាង​យ៉ាង​លន្លង់​លន្លោច។ ក្មេង​ស្រី​នោះ​មាន​ចិត្ត​ស្នេហា​ចំពោះ​បក្សី​ទាំង​ពីរ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ។

ថ្ងៃ​មួយ ក្មេង​ស្រី​នោះ​ទុក​ទ្រុង​ចំហ​ចោល។ ឯ​បក្សី​ដែល​ធំ​ជាង និង​រឹងប៉ឹង​ជាង​បក្សី​មួយ​ទៀត​ក៏​ហោះ​ចាក​ចោល​ទ្រុង។ ក្មេង​ស្រី​នោះ​ភ័យ​ខ្លាំង​ណាស់ ខ្លាច​វា​ហើរ​ទៅ​បាត់។ ពេល​ដែល​វា​ហើរ​មក​ជិត នាង​ក៏​ចាប់​វា​ទាំង​កំរោល ។ បេះ​ដូង​នាង​ពេញ​ដោយ​ក្ដី​ត្រេកអរ ចំពោះ​ជោគ​ជ័យ​របស់​នាង ដែល​ចាប់​វា​បាន។ រំពេច​នោះ នាង​មាន​អារម្មណ៍​ថា បក្សី​នោះ​ហាក់​ទន់​ដៃ​ទន់​ជើង​អស់​រលីង។ នាង​ក៏​លា​ដៃ ភ្នែក​សម្លឹង​ធ្មឹង​មក​បក្សី​ដែល​ស្លាប់ទៅ​ហើយ។ ក្ដី​ស្រឡាញ់​​ទាំង​កំរោល​របស់​នាង​បាន​សម្លាប់​វា។ នាង​ចាប់​អារម្មណ៍​ឃើញ​បក្សី​មួយ​ទៀត​ កំពុង​តែ​លោត​ចុះ​លោត​ឡើង​នៅ​ក្បែរ​ៗ​ទ្រុង។ នាង​ដឹង​ថា ​វា​ត្រូវ​ការ​សេរីភាព​ណាស់។ វា​ត្រូវ​ការ​ហោះ​ហើរ​ក្រោម​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់​​ដ៏​ល្វឹង​ល្វើយ។ នាង​ក៏​លើក​វា​ចេញ​ពី​ទ្រុង ហើយ​បោះ​វា​ថ្នមៗ​ទៅ​ក្នុង​វេហាស៍។ បក្សី​នោះ​ហោះ​ក្រឡឹង​មួយ​ជុំ ពីរ​ជុំ បី​ជុំ…

ក្មេង​ស្រី​នោះ​តាម​សម្លឹង​មើល​យ៉ាង​សោមនស្ស ចំពោះ​ការ​សប្បាយ​រីក​រាយ​របស់​បក្សី​នោះ។ បេះ​ដូង​របស់​នាង​លែង​ខ្វល់​អំពល់​ខ្លាច​បាត់​បង់​អ្វី​ទៀត​ហើយ។ នាង​គ្រាន់​តែ​ចង់​ឲ្យ​បក្សី​នោះ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ។ ក្សិណ​នោះ បក្សី​ហោះ​មក​ជិត រួច​ទំ​ថ្នមៗ​លើ​ស្មា​របស់​នាង។ វា​ច្រៀង​ចម្រៀង​ដ៏​ពិរោះ​បំផុត ដែល​នាងមិន​​ធ្លាប់​ឮ​ពី​មុន​មក​ឡើយ។

វិធី​បាត់​បង់​ក្ដី​ស្រឡាញ់​ដ៏​លឿន​បំផុត គឺ​ការ​ប្រឹង​អោប​ក្រសោប​ខ្លាំង​ពេក មិន​ព្រម​លែង រី​ឯ​វិធី​ដ៏​ប្រពៃ​បំផុត​ក្នុង​ការ​ថែ​រក្សា​ក្ដី​ស្រឡាញ់​គឺ​ការ​ផ្ដល់​ ស្លាប ឲ្យ​វា (ក្ដី​ស្រឡាញ់)។

ខ្ញុំ​គិត​ថា​ មិន​មែន​មាន​តែ​ក្ដី​ស្រឡាញ់​នោះ​ទេ ក្ដី​ទុក្ខ​សោក​ក៏​គួរ​យើង​ឲ្យ​វា​ហោះ​ទៅ​ដែរ។ បើ​យើង​ក្ដាប់​វា​ជាប់​ក្នុង​ដៃ​​ណែន​ពេក វា​នឹង​មិន​ចាក​ចេញ​ពី​ខ្លួន​យើង​រហូត។ តោះ! នាំ​គ្នា​រំដោះ​ខ្លួន​ឲ្យ​ផុត​ពី​អារម្មណ៍​សៅហ្មង​ទាំង​ឡាយ។

For an English version: Let Go Love

11 thoughts on “លះ​បង់​ក្ដី​ស្រឡាញ់

  1. មិនមែនតែក្មេងឯកកោរទេដែលត្រូវការសេចក្តីស្រលាញ់ មនុស្សទូទៅគ្រប់គ្នាសុទ្ធតែចង់បានការស្រលាញ់។ ស្រលាញ់ គឺត្រូវហ៊ានលះបង់។

    1. ប៉ុន្តែអត្ថន័យមិនមែនសំដៅលើការលះបង់ក្តីស្រលាញ់ទេ។ គឺចង់អោយយើងយល់ច្បាស់នូវ​ក្តីស្រលាញ់ដ័ពិតប្រាកដ ពោលគឺចង់មានន័យថា បើយើងស្រលាញ់អ្វីមួយគួរតែផ្តល់សេរីដល់គេ ដូចក្នុងអត្ថបទបានលើកថានឹងផ្តល់ស្លាបអោយគេ​ហើរចេញ ទៅរកអ្វីដែលគេប្រាថ្នាចង់បាន។ ក្តីស្រលាញ់ គឺយើង​មិន​លះបង់ទេ ប៉ុន្តែក្តីស្រលាញ់យើងគឺការលះបង់។

    1. អីយ៉ា! ទើប​តែ​ឃើញ​ លោក​បង “ឡុង” ចូល​មក Comment ម្ដង! អញ្ចឹង​តើ​បាន​ព្រឹក​មិញ​ភ្លៀង​ទាំង​ព្រឹក! គេ​គ្រាន់​តែ​ឲ្យ​ខ្ញុំ​ជួយបកប្រែ​តើ! មិន​ដឹង​នរណា​ទេ​អួត​ថា​មាន​បទ​ពិសោធ​ខាង Love ពេញ​ខ្លួន​នោះ!😀

  2. អរគុណហ្វីដែល ដែលបកប្រែរឿងនេះបានយ៉ាងពីរោះ។ សូមសរសើរទេពកោសល្យ​ដ៏​អស្ចារ្យ​របស់មិត្ត។ ខ្ញុំអានជាភាសាខ្មែរបានយល់ច្រើន​ជា​ងអាន​ភាសាបរទេស ព្រោះ​កម្រិតភាសា​ខ្ញុំ​នៅមានកម្រិត​នៅ​ឡើយ… អរគុណច្រើនណា
    បើអាច ពេលខ្ញុំ​ប្រកាសអត្ថបទ​រឿង​ជា​ភាសាអង់គ្លេស​ក្រោយ សូមជួយបកប្រែ​ផង ប្រសិនបើមិនរំខានពេលវេលានោះ​ទេ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s